ឃើញឈ្មោះកុំទាល់អាលសើច! អ្នកធ្វើត្រីងៀតក្ដចិន រកចំណូលបាន១ថ្ងៃៗកប់ក្ដោង

ឃើញឈ្មោះកុំទាល់អាលសើច! អ្នកធ្វើត្រីងៀតក្ដចិន រកចំណូលបាន១ថ្ងៃៗកប់ក្ដោង

ត្រី​ងៀត​ក្ដ​ចិន ជា​របរ​រក​ស៊ី​មួយ របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ ជា​យូរ​ណាស់​មក​ហើយ ប៉ុន្តែ​មិន​សូវ​មាន​អ្នក​ស្គាល់​ច្រើន។ ដោយ​ឡែក​ថ្មី​ៗ​នេះ មាន​ការ​ចែក​រំលែក​ជា​បន្ត​បន្ទាប់​នៅ​លើ​បណ្ដាញ​សង្គម ពី​យីហោ​ត្រី​ងៀត ដ៏​ចម្លែក​គ្មាន​២​នេះ។ តែ​បើ​បាន​ដឹង​ពី​ចំណូល​អ្នក​ធ្វើ​ត្រី​ងៀត​ក្ដ​ចិន​នេះ គឺ​មិន​ធម្មតា​ឡើយ។

ខ្ញុំ​ផាត់​ចំណាយ​ប្រចាំ​ថ្ងៃ​ហើយ​ជាមធ្យម​សល់​ជាង ១០ម៉ឺន​រៀល ពី​ការ​ធ្វើ និង​លក់​ត្រី​ងៀត​ក្ដចិន។ នេះជា​ការ​រៀប​រាប់​របស់​អ្នកស្រី សោម សាវឿន វ័យ​ ៤៤ឆ្នាំ ដែល​ជា​អ្នក​ធ្វើ​ងៀត​ត្រី​ក្ដ​ចិន នៅ​​ទំនប់កោះព្រាប (ទំនប់រលកចាស់) សង្កាត់ ០១ ក្រុង-ខេត្ត ​ព្រះសីហនុ។

អ្នក​ខេត្ត​ព្រៃវែង ដែល​បាន​ទៅ​រស់​នៅ​ខេត្ត​ព្រះសីហនុ​អំឡុង​ឆ្នាំ ២០១៣ បាន​ឲ្យ​ដឹង​ថា ដើម​ឡើយ​អ្នក​ស្រី បាន​ធ្វើ​ការងារ​ជា​កម្មករ​រោង​ចក្រ ប៉ុន្តែ ធ្វើ​ការ​ហត់​ និង​ប្រាក់​ខែ​តិច ចាយ​មិន​គ្រប់ ក៏​ល្បី​ថា ត្រី​ក្ដចិន​ ធ្វើ​ងៀត​ឆ្ងាញ់ ក៏​ងាក​មក​ចាប់​អាជីព​នេះ​ ក៏​ឃើញ​ថា កាក់​កប​ជាង​ធ្វើ​ការ​ឲ្យ​គេ។

យើង​ធ្វើ​ការ​ឲ្យ​គេ​មិន​ស្រួល​ប៉ុន្មាន​ទេ ហត់​ក៏​ហត់ ហើយ​បាន​ប្រាក់​តិច តែ​យើង​រកស៊ី​ខ្លួន​ឯង​ហត់​តែ​បាន​លុយ​ច្រើន។ ខ្ញុំ​អាច​លក់​ត្រី​បាន​ប្រមាណ​ជា ១០គីឡូ​ក្នុង​១ថ្ងៃ ដោយ​ក្នុង​១គីឡូ លក់​បាន​ ១៨ ០០០-២០ ០០០រៀល ដូច្នេះ​ខ្ញុំ​ចំណាយ​ហើយ​អាច​សល់​បាន​ជាង​ ១០ម៉ឺន​រៀល ក្នុង​១ថ្ងៃ។

ចំពោះ​ទីផ្សារ​មិន​ខ្វះ​ទេ ភ្ញៀវ​ទេសចរ​ដែល​បាន​ទៅ​លេង​ខេត្ត​ព្រះសីហនុ​ រមែង​ទៅ​ដល់​ទំនប់​រលក​ និង​ឆ្លៀត​សួរ​រក​ត្រី​ងៀត​ក្ដ​ចិន ទិញ​ត្រឡប់​យក​ទៅ​ផ្ទះ​ទុក​ញុំា។ មួយ​ទៀត​ មាន​នៅ​ភ្នំពេញ កំពង់ចាម និង ខេត្ត​កំពង់​ធំ កុម្ម៉ង់​ យក​ទៅ​លក់​ ដូច្នេះ​ខ្ញុំ​ដាក់​តាម​ឡាន​ផ្ញើ​ទៅ​ឲ្យ​គេ។ «ខ្ញុំ​លក់​បាន​ទាំង​នៅ​ផ្ទះ និង​លក់​តាម​ខេត្ត​ផ្សេងៗ។

ចំណុច​ពិសេស​របស់​ត្រី​ងៀត​ក្ដ​ចិន គឺ​មាន​សាច់​ច្រើន និង​រស់​ជាតិ​ឆ្ងាញ់​ប្លែក​ពី​គេ។ គ្រឿង​ផ្សំ​នៃ​ត្រី​ងៀត​នេះ មាន​តែ​ ប៊ីចេង ស្ករ រំដេង និង ម្ទេស​ក្រៀម​ប៉ុណ្ណោះ។ ដូច្នេះ​ក្រោយ​ពេល​វះ និង​ប្រឡាក់​រួច​ ហាល​ថ្ងៃ​ប្រហែល​ពីរ​ថ្ងៃ​អាច​ យក​ទៅ​លក់​បាន​ហើយ។

ទាក់ទង​នឹង​ឈ្មោះ​ត្រី​នេះ អ្នក​ស្រី​មិន​បាន​ដឹង​ច្បាស់​នោះទេ ប៉ុន្តែ​អ្នកខេត្តខេត្ត​ព្រះសីហនុ​ គេ​និយាយ​ឈ្មោះ​ត្រី​នេះ​តាំង​ពី​ដើម​មក រហូត​ដល់​ពេល​បច្ចុប្បន្ន។ ម៉្លោះហើយ​មាន​ភ្ញៀវ​ខ្លះ​ប្លែក​នឹង​ឈ្មោះ ក៏​ទិញ​យក​ទៅ​សាក​រសជាតិ​ ត្រី​ងៀត​ក្ដ​ចិន​នេះ ហើយ​ខ្លះ​សរសើរ​ថា ត្រី​នេះ​ពិត​ជា​ឆ្ងាញ់៕