អភិបាលខេត្តថ្មី អ្នកហត់បន្តិចហើយណា៎! ផ្លូវ ២២ ខ្សែនៅព្រះសីហនុខ្ទេចខ្សុល ត្រូវជួសជុលជាបន្ទាន់

អភិបាលខេត្តថ្មី អ្នកហត់បន្តិចហើយណា៎! ផ្លូវ ២២ ខ្សែនៅព្រះសីហនុខ្ទេចខ្សុល ត្រូវជួសជុលជាបន្ទាន់

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និង ឯកឧត្តម គួច ចំរើន អភិបាល អភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំ ស្តីពីគម្រោង ជួសជុលផ្លូវ ២២ ខ្សែ ក្នុងក្រុងព្រះសីហនុ ។  គម្រោង កែលម្អផ្លូវ ២២ ខ្សែ ក្នុងក្រុងព្រះសីហនុរួមមាន

១ គម្រោងអនុវត្តប្រើប្រាស់ថវិកាក្រសួងសាធារណការ និង ដឹកជញ្ជូន ២​ គម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរទេសចរណ៍នាគរាជ ៣ ផែនការស្ថាបនាផ្លូវក្នុងតំបន់អភិវឌ្ឍន៍ក្នុងកំពង់ផែឧកញ៉ាម៉ុង ៤ គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ជាការងារអទិភាព ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២ ។

ក្រសួងនឹងប្រើប្រាស់ថវិកាជាតិជួសជុលផ្លូវចំនួន ៣ កំណាត់ ។ ក្រសួងក៏មានគម្រោងប្រើប្រាស់ឥណទានថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិជួសជុលផ្លូវក្នុងក្រុងចំនួន ១២ ខ្សែ ក្នុងនោះមានផ្លូវចំនួន ៦ ខ្សែ គ្រោងនឹងប្រើប្រាស់ថវិកាដែលបានមកពីសំណង់បណ្តាក្រុមហ៊ុន ឬវិនិយោគដែលធ្វើឱ្យផ្លូវខូចខាតក្នុងក្រុងព្រះសីហនុ ដោយសារការដឹកជញ្ជូនសម្ភាផ្សេងៗបម្រើការក្នុងការសាងសង់អគារប្រកបអាជីវកម្មធំៗតាមផ្លូវ ផ្វើឱ្យខូចខាតផ្លូវក្នុងខេត្ត។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏មានគម្រោងប្រើប្រាស់ថវិកាផ្ទាល់របស់កំពង់ផែទទួលបន្ទុក (Overlay) ​ផ្លូវលេខ៧០០ ។ សរុបជារួមគម្រោងផ្លូវដែលត្រូវជួសជុលទាំង១២ខ្សែ មានផ្លូវលេខ ១០០ ៨១៤ ៨១៨ ១០៣ ១៤៣ ៧០១ ១០៨៣ ២០៩ ៨២៣ ៨២៧ ៨២១ ៨២៥ ដែលមានតម្រូវការថវិកា ២៥ក្បៀស២៨៨លានរៀល ។

ដោយឡែកគម្រោងឥណទានថ្នាក់ក្រោមជាតិ ក្នុងការជួសជុលផ្លូវទាំង ១២ ខ្សែក្នុងក្រុង បានបើកដំណើរការការដ្ឋានជួលជុលផ្លូវចំនួន ៦ ខ្សែរួចមកហើយ រីឯ ៦ ខ្សែផ្សេងទៀត រដ្ឋបាលខេត្តកំពុងមានការខ្វះខាតថវិកា រង់ចាំប្រើប្រាស់គម្រោងថវិកាក្នុងឆ្នាំ២០២០ ។ ឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណដល់ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានជួយពន្លឿនគម្រោងប្រើប្រាស់ឥណទានថ្នាក់ក្រោមជាតិ ក្នុងការជួសជុលកំណាត់ផ្លូវ ១២ ខ្សែ ក្នុងក្រុងព្រះសីហនុឡើងវិញ ដើម្បីជួយសម្រួលចរាចរណ៍ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ និង កែលម្អសោភ័ណភាព និង បរិស្ថាន។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និង ដឹកជញ្ជូន បានជំរុញឱ្យក្រុមការងារជំនាញ ពិនិត្យមើលលទ្ធភាព ក្នុងការកៀរគរ ឬ ខ្ចីប្រភពថវិកាផ្សេងៗ ដើម្បីយកមកស្ថាបនា ជួសជុលកំណាត់ផ្លូវ ៦ ខ្សែ ដែលខ្វះប្រភពថវិកា ដែលជាឥណទានថវិកាថ្នាក់ក្រោមជាតិ និង កែលម្អផ្លូវផ្សេងៗទៀតក្នុងក្រុងព្រះសីហនុ ដើម្បីត្រៀមរៀបចំព្រឹត្តិការសំខាន់ៗនៅពេលខាងមុខមានដូចជា បុណ្យសមុទ្រនៅឆ្នាំ២០២០ និង រៀបចំកិច្ចប្រជុំអាស៊ាននៅឆ្នាំ ២០២២ខាងមុខ។