គួរអោយសរសើរមែន លះបង់ការងារមកស្ម័គ្រចិត្តធ្វើជាក្រុមជួយសង្គ្រោះ ព្រមទាំងបរិច្ចាគថវិកាផ្ទាល់ខ្លួនជាច្រើនទៀត

គួរអោយសរសើរមែន លះបង់ការងារមកស្ម័គ្រចិត្តធ្វើជាក្រុមជួយសង្គ្រោះ ព្រមទាំងបរិច្ចាគថវិកាផ្ទាល់ខ្លួនជាច្រើនទៀត

ក្រោយទទួលរងឥទ្ធិពលនៃព្យុះ និងទឹកភ្លៀងបន្តធ្លាក់ជាប់គ្នាជារៀងរាល់ថ្ងៃ ប្រទេសថៃបានប្រកាសអាសន្នរឿងគ្រោះធម្មជាតិមួយនេះដល់ប្រជាពលរដ្ឋខ្លួន។ ខេត្តជាច្រើននៅប្រទេសថៃបានជនលិច និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្នុងនោះខេត្តអ៊ុប៊ុនថានី ប្រទេសថៃគឺជាខេត្តមួយដែលស្ថិតនៅក្នុងការប្រកាសអាសន្នខ្ពស់ ព្រោះតែកម្ពស់ទឹកលិចនៅក្នុងឆ្នាំនេះ គឺត្រូវបានចាត់ទុកថាមានកម្ពស់ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រទឹកជំនន់ប្រទេសថៃ។

សង្កេតឃើញថាក្រុមជួយសង្គ្រោះ និងរាជរដ្ឋាភិបាលថៃហាក់ខិតខំប្រឹងប្រែង និងជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ ជាពិសេសគឺការស្វែងរកប្រជាពលរដ្ឋដែលបាត់ខ្លួន ព្រោះសរុបមកទល់ពេលនេះចំនួនមនុស្សស្លាប់បានមានការកើនឡើងដល់ចំនួន ៣៣នាក់ហើយ ក្នុងនោះក៏មានក្រុមសង្គ្រោះម្នាក់ដែរបានបាត់បង់ជីវិត។ ដោយពុំអាចឈរឱបដៃមើលបាន តារាសម្តែងលោក Bin Bunluerit បានស្ម័គ្រចិត្តចូលរួមជាមួយក្រុមសង្គ្រោះដើម្បីស្វែងរកប្រជាពលរដ្ឋដែលជាប់នៅក្នុងផ្ទះ នាំពួកគេមកកាន់ទីទួលសុវត្ថិភាព។

តារាសម្តែងជើងចាស់លោក Bin Bunluerit ក៏បានប្រកាសស្វែងរកជំនួយពីសំណាក់បងប្អូនផងដែរ ដោយលោកប្រមូលបានថវិកាចំនួន ៥០លានបាត ក្នុងនោះលោកបានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ១ លានបាត​ ដើម្បីចូលរួមឧបត្ថម្ភមូលនិធិសង្គ្រោះគ្រោះធម្មជាតិទឹកជំនន់នេះ។ យ៉ាងណាមិញតារាប្រុសគំរូរូបនេះបានលើកទឹកចិត្តដល់បងប្អូនទាំងអស់ឲ្យចូលរួមសកម្មភាពជួយសង្គ្រោះតាមតែអាចធ្វើទៅបាន ព្រោះមកទល់ពេលនេះកម្ពស់ទឹកគឺនៅមិនទាន់ស្រកនៅឡើយទេ ដែលវាគឺជាកម្រិតដ៏គួរឲ្យព្រួយបារម្ភមួយដែលពុំធ្លាប់កើតមាននៅក្នុងប្រទេសថៃពីមុនមក។