ក្នុងនាមជាកូនខ្មែរ គួរស្គាល់អត្ថន័យនៃពាក្យ សុភាវធម៌ សុជីវធម៌ សីលធម៌ និង គុណធម៌ ឱ្យបានច្បាស់

ក្នុងនាមជាកូនខ្មែរ គួរស្គាល់អត្ថន័យនៃពាក្យ សុភាវធម៌ សុជីវធម៌ សីលធម៌ និង គុណធម៌ ឱ្យបានច្បាស់

ក្នុងពេល​បច្ចុប្បន្ន​គេ​កត់សម្គាល់ឃើញ​មានការ​យល់ច្រឡំ​ចំពោះ​អត្ថន័យ​ពាក្យ សុភាវធម៌ សុជីវធម៌ សីលធម៌ និង គុណធម៌ យ៉ាងខ្លាំង ដោយ​កូន​ខ្មែរ​មួយចំនួន​មិនទាន់​យល់ច្បាស់ និង ចែកឱ្យដាច់​រវាង​ពាក្យ​ទាំងនេះ​នៅឡើយ ។ មាន​អ្នកខ្លះ​គ្រាន់តែ​ឮ​គេ​ថា និង កាត់​ន័យ​តាម​ការយល់​ដោយ​ខ្លួនឯង ហើយ​យកទៅ​ប្រើ​ដោយ​មិនបាន​យល់​ន័យ​ច្បាស់លាស់​ទៀតផង ។​

​អ្វី​ទៅ​ដែល​ហៅថា​សុភាវធម៌ ? សុភាវធម៌ = សុ (​ល្អ ប្រពៃ ប្រសើរ​) + ភាវ (​ភាព​) + ធម៌ (​ឧិ​វាទ ក្រឹត្យក្រម ពាក្យ​ទូន្មាន​ណែនាំ ច្បាប់ វិន័យ​) ។ សុភាវធម៌ មានន័យថា ជា​ក្រឹត្យក្រម ច្បាប់​វិន័យ​អប់រំ ដើម្បីឱ្យ​មនុស្ស​មានដំណើរ​ក្នុង​ភាពជា​មនុស្ស​ល្អ​ប្រពៃ​ប្រសើរ ។ សុភាវធម៌​ចែកចេញជា​បី​គឺ សុជីវធម៌ សីលធម៌ និង គុណធម៌ ។​

​អ្វី​ទៅ​សុជីវធម៌ ? ​សុជីវធម៌ = សុ (​ល្អ ប្រពៃ ប្រសើរ​) + ជីវ (​ជីវិត​) + ធម៌ (​ឧិ​វាទ ក្រឹត្យក្រម ច្បាប់ វិន័យ ពាក្យ​ទូន្មាន​ណែនាំ​) ។ សុជីវធម៌ សំដៅ​ទៅលើ​ច្បាប់​អប់រំ​ខ្លួន ដើម្បី​រក្សា​ដំណើរ​ជីវិត​ឱ្យ​ប្រពៃ​សមសួន ។ សុជីវធម៌ មាន​រួមបញ្ចូល​នូវ​ការអប់រំ​ផ្សេងៗ ដូចជា -​ការប្រើ​ពាក្យពេចន៍ និង ការប្រព្រឹត្ត​កិរិយា​ឱ្យ​សមសួន​តាម​វ័យ ឋានៈ និង ទីកន្លែង ជាដើម ។​ -​ការរៀន​ទទួលខុសត្រូវ​ចំពោះមុខ​នាទី​របស់ខ្លួន ។​ -​ការទទួលស្គាល់​ដឹងថា​ខ្លួន​ជា​ផ្នែក​មួយ​នៃ​សង្គម ត្រូវ​ស្គាល់​ច្បាប់ទម្លាប់ និង វិន័យ​ដែលមាន​ចែង​សម្រាប់​រក្សា​សណ្ដាប់ធ្នាប់ វិន័យ និង របៀបរៀបរយ​ក្នុង​គ្រួសារ ឬ ក្នុងសង្គម ។​

​តើ​អ្វី​ទៅ​សីលធម៌ ? កន្លងមក​ខ្មែរ​យើង​ខ្លះ ចំណាំ​នាំគ្នា​ប្រើពាក្យ​នេះ​តាម​សម័យ​ប៉ុលពត ដែល​គេ​ប្រើពាក្យ​នេះ​សំដៅ​ទៅលើ​ចំណង​រវាង​បុរស និង ស្ត្រី ។ តែ​ពេលនេះ យើង​សិក្សា​អំពី​អត្ថន័យ​ពិតប្រាកដរ​បស់ពាក្យ​សីលធម៌ ។​ សីលធម៌ = សីល (​ដំណើរ​ប្រព្រឹត្ត វៀរចាក​អំពើ​បាប ឬ​អំពើអាក្រក់​) + ធម៌ (​ឧិ​វាទ ក្រឹត្យក្រម ច្បាប់ វិន័យ ពាក្យ​ទូន្មាន​ណែនាំ​) ។ សីលធម៌ សំដៅ​ទៅលើ​វិន័យ​ក្រឹត្យក្រម​សម្រាប់​អប់រំ​ខ្លួន​ឱ្យ​ប្រព្រឹត្ត កាយ វាចា ចិត្ត វៀរចាក​នូវ​អំពើ​បាប ឬ អំពើអាក្រក់ ។ តើ​សីលធម៌​មាន​អ្វីខ្លះ ?
​នៅក្នុង​ព្រះពុទ្ធសាសនា ជន​សាមញ្ញ​ទូទៅ​ហោចណាស់​ត្រូវ​រៀនកាន់​ក្រឹត្យ​វិន័យ​ឱ្យបាន​ប្រាំ​សាខា ធំៗ គឺ -​មិន​គិត មិន​ប្រព្រឹត្ត​អំពើ​ពាលា យាយី រំខាន ជីវិត ឬ សេចក្ដីសុខ​របស់ខ្លួន ឬ របស់​អ្នកដទៃ ដោយ កាយ វាចា ចិត្ត និង គំនិត ។​ -​មិន​លួច​កេងប្រវ័ញ្ច​លើ​អ្នកដទៃ​ដើម្បី​ប្រយោជន៍​របស់ខ្លួន ដោយ​ការប្រព្រឹត្ត​ទាំង កាយ វាចា ចិត្ត និង គំនិត ។​ -​មិន​ភូតភរ​កុហក​បោកប្រាស់ មិន​បំផ្លើសការពិត​ឱ្យ​កើតមាន​សៅហ្មង ឬ អន្តរាយ ។​
-​មិន​សេព​គ្រឿង​ស្រវឹង​ដែល​ធ្វើឱ្យ​បាត់​សតិ​ស្មារតី លែង​ស្គាល់ ខុសត្រូវ ល្អ​អាក្រក់ សុចរិត ទុច្ចរិត ។​ -​មិន​ប្រព្រឹត្ត​ខុស​នៅក្នុង​វិន័យ​ផ្លូវភេទ មិន​ក្បត់​ភក្ដីភាព​ចំពោះ​ស្វាមី​-​ភរិយា មិន​បង្ក​អនាធិបតេយ្យ​ផ្លូវភេទ​ដោយ​ប្រការ​ណាមួយ​ឡើយ ជាពិសេស​ត្រូវ​ចេះ​រំលត់ លោភៈ ទោសៈ មោហៈ របស់ខ្លួន ។​

​តើ​គុណធម៌​ជា​អ្វី ? ​គុណធម៌ = គុណ (​ដំណើរ​ធ្វើឱ្យ​ចម្រើន​ឡើង ដោយ​លក្ខណៈ​ដែល​អ្នកដទៃ​គួរ​គោរព​) + ធម៌ (​ឧិ​វាទ ក្រិ​ត្យ​ក្រម ច្បាប់ វិន័យ ពាក្យ​ទូន្មាន​ណែនាំ​) ។ គុណធម៌​មានន័យថា​ជាការ​ប្រព្រឹត្ត​អំពើ​ល្អប្រសើរ​ចំពោះ​អ្នកដទៃ ជា​អំពើ​ដែល​នាំមក​នូវ​ភាព​ចម្រុងចម្រើន​កាន់តែច្រើន ដែល​គេ​ផង​រាល់គ្នា​គោរព​កោតសរសើរ ហើយក៏​មាន ទឹកចិត្ត​កតញ្ញូ ចង់​តបស្នង ធ្វើ​នូវ​អំពើ​ល្អ​នោះ​ត្រឡប់​ទៅវិញ បន្ថែម​បន្តទៀត ដោយ​ទឹកចិត្ត​ជ្រះថ្លា​ពី​ក្នុង​ចិត្ត​ក្នុង​បេះដូង​របស់គេ ។ គុណធម៌​គឺជា​ដំណើរ​ប្រព្រឹត្ត អំពើ​ល្អ​របស់​មនុស្ស​ចំពោះ​ពលរដ្ឋ​ដទៃទៀត​ក្នុងសង្គម ដូចជា​សង្គម​គ្រួសារ សង្គម​ការងារ សង្គមជាតិ ជាដើម ។​

​តើ​ដំណើរ​ប្រព្រឹត្ត​អំពើ​គុណធម៌ មាន​អ្វី​ខ្លះទៅ ជា​ឧទាហរណ៍ ? -​ការ​មាន​ទឹកចិត្ត​ជួយ​ឈឺឆ្អាល សុខទុក្ខ​គ្នា ជួយ​ហុចដៃ ហុច​គំនិត យិ​ត​យោងគ្នា ពេល​មាន​គ្រោះអាសន្ន ឬ មានការ​ខ្វះខាត ជាដើម ។​ -​ការមិន​ឈរ​មើលបំណាំ​គ្នា ចាប់កំហុស​គ្នា ទៅវិញទៅមក ។​ -​ការនិយាយស្ដី​លើក​កម្លាំងចិត្ត ។​ -​ការជួយ​ដាស់តឿន បង្រៀន រំលឹក ណែនាំ​គ្នា ។​ -​ការដឹក​ដៃ ប្រាប់​នូវ​ប្រភព​ល្អៗ សម្រាប់​ពលរដ្ឋ ក្នុងសង្គម​គ្រួសារ​ខ្លួន ឬ សង្គមជាតិ​ឱ្យ​ចេះ​ជួយ​ខ្លួនឯង ឱ្យ​រៀន​ស្វែងរក​ផ្លូវ​ប្រសើរ​ក្នុង​ជីវិត ។​ -​ការ​មាន​សេចក្ដី​សណ្តោស​មេត្តា និង មាន​សប្បុរសធម៌ ដល់​ពិការ​ជន ទុរគតជន កុមារកំព្រា ជន​ដែលមាន​ជំងឺ​សតិ ចាស់ជរា ឬ មនុស្ស​ដែល​មិន​អាចជួយ​ខ្លួនឯងបាន ។​ -​ការផ្ដល់​វិជ្ជា ការថែទាំ​អប់រំ ការរក្សា​មនុស្ស ឱ្យ​ចាក​ផុតពី​ការប្រព្រឹត្ត​អំពើអាក្រក់ ជាដើម ។​

​ហេតុ​ដូច្នេះហើយ ក្នុងនាម​ជា​កូន​ខ្មែរ យើង​ត្រូវតែ​ស្វែងយល់​ឱ្យ​ច្បាស់​ពី​អត្ថន័យរ​បស់ពាក្យ​ទាំងអស់នេះ ជាពិសេស​ត្រូវ​រៀន​ពី​សុភាវធម៌​ខ្មែរ ដើម្បី​ខ្លួនឯង គ្រួសារ និង សង្គមជាតិ​ផងដែរ ។ ជា​ចុងបញ្ចប់​សូម​អរគុណ​ដល់​អ្នកស្រី កែវ ច័ន្ទបូរណ៍ ដែល​បាន​ចងក្រង​ឯកសារ​អំពី​សុភាវធម៌​ខ្មែរ​នេះ​ឡើង ដើម្បី​ជា​ប្រយោជន៍​ទៅដល់​កូន​ខ្មែរ​ក្នុង​សិក្សា​ស្វែងយល់ ៕