មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល ព្យាបាល​របួសជើង នៅ​ពេទ្យ​រុ​ស្ស៊ី ដោយ​ភាព​ជឿជាក់

មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល ព្យាបាល​របួសជើង នៅ​ពេទ្យ​រុ​ស្ស៊ី ដោយ​ភាព​ជឿជាក់

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ឱ វណ្ណ​ឌី​ន ជា​រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួងសុខាភិបាល បាន​ប្រកាស​ជឿជាក់​លើ​សមត្ថភាព​ជំនាញ ​នៃ​ក្រុម​គ្រូពេទ្យ​កម្ពុជា នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហៅពេទ្យរុស្ស៊ី ដែល​មានចំណេះ​ជំនាញ​​ពិតប្រាកដ ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​ពេទ្យ ​។​
​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា​នេះ​បាន​ឲ្យ​ដឹង​ថា លោក​ជំទាវ ឱ វណ្ណ​ឌី​ន ជា​រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួងសុខាភិបាល បាន​មក​ប្រើប្រាស់​សេវា​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដោយ​មានការ​ជឿជាក់​លើ​សមត្ថភាព​ជំនាញ​ នៃ​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​នេះ​ ។​

​លោក​ជំទាវ បាន​សម្តែង​នូវ​ការ​កោតសរសើរ និង​ថ្លែងអំណរគុណ​ដោយ​ស្មោះ ជូន​ដល់​លោកគ្រូ​ពេទ្យ​និង​អ្នកគ្រូ​ពេទ្យ​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដែល​មានចំណេះ​ជំនាញ​ល្អ​ពិតប្រាកដ ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវ​:​ពេទ្យ បាន​ជួយ​ពិនិត្យ​និង​ព្យាបាល​ជើង​ស្តាំ​របស់​លោក​ជំ​ទា​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់ និង​បាន​ធូរស្រាល​នា​ថ្ងៃនេះ ។​

​មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល បាន​បន្ថែម​ថា ​៖ ខ្ញុំ​នឹង​បន្ត​ប្រើប្រាស់​សេវា​ផ្តល់​ដោយ​ក្រុម​គ្រូពេទ្យ​ខ្មែរ​ជា​បន្ត​ទៀត ហើយ​ក្នុង​ពេល​សម្រាក​ព្យាបាល ខ្ញុំ​ក៏​បាន​ពិនិត្យ​ឃើញ​ផង​ដែរ​ថា មាន​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ជា​ច្រើន​កុះករ​បាន និង​កំពុង​ប្រើប្រាស់​សេវា​នៅ​មន្ទីរពេទ្យ​នេះ ដែល​បាន​បង្ហាញ​ពី​ទំនុកចិត្ត​របស់​បងប្អូន​យើង​លើ​សមត្ថភាព​ក្រុម​គ្រូពេទ្យ​ខ្មែរ​យើង ​។​

​ជាមួយ​គ្នា​នេះ លោក​ជំទាវ ឱ វណ្ណ​ឌី​ន ជូនពរ​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ទាំងអស់ មាន​សុខភាព​ល្អ​បរិបូណ៌​បន្ត​បេស​កម្ម​ដ៏​ថ្លៃថ្លា​នេះ ដល​ម្បី​ជួយ​សង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​ជា​បន្ត​ទៀត​ ។ បើ​មិន​មាន​ក្រុម​គ្រូពេទ្យ​ខ្មែរ​យើង​ជួយ​ដល់​ខ្មែរ​ទេ​នោះ ប្រជាជន​រាប់​ម៉ី​ន រាប់​លាន​នាក់​ប្រាកដជា​មិន​បានជា​ស្បើយ​ពី​រោគា​ឡើយ។