ក្តុកក្តួលណាស់ ឃាតកលើទ្រូងផ្លូវ សំកុកចាំផ្ដាច់យកជីវិត ភរិយាជាទីស្រឡាញ់ខ្ញុំ

ក្តុកក្តួលណាស់ ឃាតកលើទ្រូងផ្លូវ សំកុកចាំផ្ដាច់យកជីវិត ភរិយាជាទីស្រឡាញ់ខ្ញុំ

វាពិតជារឿងដ៏រន្ធត់ និងគួរឱ្យតក់ស្លុតខ្លាំងបំផុត ដែលឃាតកលើទ្រូងផ្លូវតែងតែអង្គុយសំកុកចាំផ្ដាច់ជីវិតរបស់មនុស្សម្នា សឹងតែរាល់ថ្ងៃ ប្រសិនបើអ្នកបើកបរមិនមានការប្រុងប្រយ័ត្ន។ យោងតាម​របាយការណ៍​របស់​គណះកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ឲ្យ​ដឹង​ថា ក្នុង​មួយថ្ងៃ​មាន​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ជា​មធ្យម​៦​នាក់ ​ដែល​ជនរងគ្រោះ​ភាគ​ច្រើន គឺមាន​អាយុ​ចន្លោះ​ពី ១៥ ដល់ ៤៥ ឆ្នាំ​ និង​អ្នករបួស​ជាច្រើន​នាក់ ដែល​ជា​ក្តីបារម្ភ​យ៉ាងខ្លាំង​របស់​រាជរដ្ឋា​ភិ​បាល​កម្ពុជា។​

ជាក់ស្ដែង កាលពីយប់ម្សិលមិញវេលាម៉ោង ៨ និង ៥០ នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយ រវាង ម៉ូតូ និង រថយន្តទេសចរណ៍បុកគ្នាយ៉ាងពេញទំហឹង ស្ថិតនៅលើផ្លូវ ៥៩២ កែងផ្លូវ៣០៧ ក្នុងសង្កាត់​បឹង​កក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្ដាលឱ្យប្ដី ប្រពន្ធ មួយគូដែលជាអ្នកបើកបរម៉ូតូ រងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្ដែគួរឱ្យសោកស្ដាយបំផុតដែល នារី ជាភរិយា ព្រោះតែរងរបួសក្បាលធ្ងន់ធ្ងរពេក ត្រូវបានបាត់បង់ជីវិតនៅមន្ទីរពេទ្យ។ ចំណែកឯ បុរសជាប្ដី ត្រូវបានក្រុមគ្រូពេទ្យ ជួយសង្គ្រោះទាន់ពេលវេលា ឆ្លងផុតពីគ្រោះថ្នាក់។ ពេលកើតហេតុភ្លាមៗ អ្នកបើកបររថយន្តទេសចរណ៍ បានរត់គេចខ្លួនបាត់ស្រមោល។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុការណ៍បានឱ្យដឹងថា រថយន្តទេសចរណ៍ដែលមានស្លាកលេខ ភ្នំពេញ 3C6878 មានបុរសជាអ្នកបើកបរតែម្នាក់ប៉ុណ្ណោះនៅលើរថយន្ដ បានធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែពើបប្រទះនឹងម៉ូតូហុងដាឌ្រីម ស៊េរី២០១៦ មួយគ្រឿង ដែលបើកបរដោយ ប្ដីប្រពន្ធ មួយគូ មានស្លាកលេខ 1FQ8745 កំពុងតែឆ្លងកាត់ផ្លូវ បានបុកយ៉ាងពេញទំហឹងតែម្ដង។

យោងតាមប្រភពអ្នកធ្វើការរួមគ្នាជាមួយជនរងគ្រោះបានលើកឡើងថា ជនរងគ្រោះដែលជាភរិយាមានឈ្មោះ អូន ស្រីមុំ មុខរបរជាអ្នករៀបចំសម្លៀកបំពាក់សម្រាប់ថតខ្សែភាពយន្ដ ចំណែកឯស្វាមី មានឈ្មោះ ហួន ចាន់ណា មានមុខរបរជាអ្នកជំនាញផ្នែកថតខ្សែភាពយន្ដ។ បច្ចុប្បន្នអ្នកទាំងពីរបំរើការងារនៅក្នុងក្រុមហ៊ុនតែមួយ។ អ្នកទាំងពីរ មានកូនប្រុស ២ នាក់ កំពុងពេញស្រឡាញ់ ២ រូបក្នុងបន្ទុក។

អ្វីដែលគួរឱ្យសោកស្ដាយ ស្រណោះបំផុតមុនជួបគ្រោះថ្នាក់នេះ ជនរងគ្រោះពីរនាក់ប្ដីប្រពន្ធ ទើបបំពេញភារកិច្ចការងាររួចរាល់ ហើយ​លាមិត្តរួមការងារ ព្រម​ទាំងបាននិយាយប្រាប់មិត្តរួមការងារថាប្រញាប់ទៅផ្ទះ ទៅមើលកូនប្រុស ដែលកំពុងរង់ចាំពួកគាត់នៅផ្ទះ។ បន្ទាប់មកអ្នកទាំងពីរក៏ជិះចាកចេញពីកន្លែងការងារដែលនៅ ក្បែរកន្លែងកើតហេតុនោះ។ បើគិតពីចម្ងាយផ្លូវពីក្រុមហ៊ុន ដែលអ្នកទាំងពីរធ្វើការ ទៅកន្លែងកើតហេតុ ចំណាយពេលជិះមិនដល់ ៣ នាទីនោះទេ។ ក្រោយកើតហេតុ មិត្តរួមការងារជាច្រើន របស់ជនរងគ្រោះ មានការក្ដីរន្ធត់ចិត្តយ៉ាងខ្លាំង មិននឹកស្មានថា ឃាតកលើទ្រូងផ្លូវចាំប្រល័យជីវិត មិត្តភក្ដិដ៏ល្អរបស់ពួកគេទាំងស្រស់ៗបែបនេះ។

បច្ចុប្បន្ន សាកសពរបស់ជនរងគ្រោះជាភរិយា ត្រូវបានសាច់ញាតិ មិត្តរួមការងារ រៀបចំពិធីបុណ្យសពតាមប្រពៃណី។