អាណិត!ពលករ​ខ្មែរ​១១០​នាក់ ត្រូវ​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ ដោយសារ​លួច​ឆ្លងដែន​ខុសច្បាប់​

បាត់ដំបង៖ ពលករ​ខ្មែរ​១១០​នាក់ ត្រូវ​ទាហាន​ឈុត​ខ្មៅ​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​ បន្ទាប់​ពី​ពួក​គេ​បាន​លប​ឆ្លងដែន​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ដើម្បី​រក​ការងារ​ធ្វើ​ ស្រប​ពេល​ប្រទេស​ថៃ​កំពុង​ធ្វើការ​រឹត​បន្តឹង​ទៅលើ​ការ​រីក​រាលដាល​នូវ​ជំងឺ​កូ​វីដ-១៩​នោះ។​

ជាក់ស្ដែង​ កាលពី​ថ្ងៃទី​២១ ​ខែ​ឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​១២​និង​៣០​នាទី ពលករ​ខ្មែរ​ចំនួន​១១០ នាក់ ដែល​​លប​ឆ្លងដែន​តាម​ច្រក​របៀង​ក្នុងស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ និង​ច្រក​របៀង​មួយ​ចំនួន​ទៀត​ក្នុង​ខេត្ត​បាត់ដំបង ត្រូវ​ទាហាន​ថៃ​ឈុត​ខ្មៅ​លេខ​១៣០២ ​ចាប់​បញ្ជូន​មក​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក គីឡូ​១៣ នៃ​វរ​សេនា​តូច​ការពារ​ព្រំដែន​៨១៧ ស្ថិត​ក្នុង​ភូមិ​គីឡូ​១៣ ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង​។​

លោក​អនុសេនីយ៍ឯក កែវ ឌឿ​ន​ មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គីឡូ​១៣ នៃ​វរ​សេនា​តូច​ការពារ​ព្រំដែន​៨១៧ បាន​ឲ្យ​​ដឹងថា ក្រោយ​ទទួល​ព័ត៌មាន​ពី​កម្លាំងយោធា​ឈុត​ខ្មៅ​ថៃ ​លោក​បាន​រៀបចំ​កម្លាំង​ ដើម្បី​ចូល​ទៅ​ទទួល​ពលករ​ខ្មែរ​ដែល​សរុប​ទាំងអស់​មាន​ចំនួន​១១០​នាក់ ក្នុងនោះ​មាន​ស្រី​៤៥​នាក់។ ក្រោយពី​សាកសួរ​រួច កម្លាំង​នគរបាល​ប៉ុស្តិ៍​គីឡូ​១៣​ បាន​បញ្ជូន​ពលករ​ខ្មែរ​ខាង​លើ​ទៅ​កងឯកភាព​រដ្ឋបាល​ស្រុក​សំពៅ​លូន ដោយ​ទុក​នៅ​ក្នុង​វិទ្យាល័យ​សំពៅ​លូន ដើម្បី​ផ្តល់​ឲ្យ​មន្ត្រី​ជំនាញ​ច​ត្តា​ឡី​ស័ក ធ្វើការ​ត្រួតពិនិត្យ។

ក្នុង​ពេល​នោះ​ដែរ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក ហឿង សុគន្ធ អភិបាលរង​ខេត្ត​បាត់​ដំបង លោក​ឧត្ដមសេនីយ៍​ត្រី ពុំ ចាន់ ស្នងការ​រង​នគរបាល​ខេត្ត លោក​មេបញ្ជាការ​រង​សឹក​រង​ខេត្ត និង​មានការ​ចូលរួមពីអភិបាលរង​ស្រុក ការិយាល័យ​ជុំវិញ​ស្រុក កងកម្លាំងប្រដាប់អាវុធ​ក្នុងស្រុក គ្រប់​ស្ថាប័ន ដើម្បី​ធ្វើការ​អប់រំ​ណែនាំ​ដល់​ពលករ​ខ្មែរ​ទាំង​១១០​នាក់ អំពី​ផល​ប៉ះពាល់ នៃ​ការ​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់ ​ក្រោយពេល​ធ្វើការ​អប់រំ​រួច បាន​ឲ្យ​ពួកគាត់វិលត្រឡប់​ទៅ​មូលដ្ឋាន​រៀងៗ​ខ្លួន​វិញ។

បច្ចុប្បន្ន ​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ធ្វើការ​ទប់ស្កាត់​ប្រជាពលរដ្ឋ មិន​ឲ្យ​ឆ្លងដែន ចូល​ទៅ​ប្រទេស​នានា ដែល​នៅ​ជាប់​ព្រំប្រទល់ ក្នុង​គោលបំណង​បង្ការ ​និងទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩។ ប្រភពអត្ថបទ៖ Kampuchea Thmey Daily

You may have missed