រដ្ឋាភិបាល​កម្ពុជា ​គ្រោង​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​នៅ​ខេត្ត​ ៤​ បន្ថែម​ទៀត​

ភ្នំពេញ ​៖ ​រដ្ឋាភិបាល​កម្ពុជា​ គ្រោង​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​បន្ថែម​ទៀត នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន រួមមាន កោះកុង ឧ​ត្ត​រ​មានជ័យ ប៉ៃលិន និង កំពង់ស្ពឺ​ ដើម្បី​រលឹក​អនុ​ស្សាវ​រីយ៍​​ នៃ​នយោបាយ​ឈ្នះ​ឈ្នះ ទៅលើ​មូលដ្ឋានទ័ព​ខ្មែរក្រហម ដែល​ឈរជើង​នៅ​ក្នុង​តំបន់​ទាំង​នោះ ​ទុកជា​ប្រវត្តិសាស្ត្រ​សម្រាប់​ខ្មែរ​ទាំងអស់គ្នា​។​

យោង​តាម​គេហទំព័រ​របស់​ក្រសួងការពារជាតិ​ដែល​បាន​ចេញ​ផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា​ ជា​ជំហាន​ដំបូង ​រដ្ឋាភិបាល នឹង​ចាប់ផ្ដើម​សង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ នៅ​ខេត្ត​កោះកុង​មុនគេ​ ដែល​នឹង​សាងសង់​យក​តាម​ទម្រង់ ៣-៥-៧ ដូច​សំណង់​វិមាន​ឈ្នះ ឈ្នះ នៅ​រាជ​ធានី​ភ្នំពេញ​ដែរ​។​

ការ​កសាង​សង់​ស្តូប​នេះ​មាន​កម្ពស់​៤៣​ម៉ែត្រ ស្ថិត​នៅ​លើ​ភ្នំ ក្នុង​ភូមិ​បឹង​ឃុន​ឆាំង សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ តាម​ដង​ផ្លូវ​ជាតិ​លេខ​៤៨ ដែល​ស្ថិតនៅ​ចំងាយ​ជាង​១០​គីឡូ​មែត្រ ពី​ក្រុង​ខេមរភូមិន្ទ ទី​រួម​ខេត្ត​កោះកុង​។​

លោកស្រី មិថុនា ភូ​ថង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កោះកុង បាន​មានប្រសាសន៍​នៅ​ក្នុង​ពិធី​ប្រកាស​សមាសភាព​អនុ​គណៈកម្មការ សាងសង់​ស្តូប​អនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ នៅ​ខេត្ត​កោះកុង​នា​ពេល​កន្លងមក ថា​ «​ប្រជាពលរដ្ឋ​ខេត្ត​កោះកុង មាន​សេចក្តី​រំភើប​រីករាយ ដែល​បាន​ទទួល​នូវ​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត មិន​អាច​កាត់ថ្លៃ​បាន គឺ​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ ដែល​នឹងត្រូវ​កសាង​នៅ​លើ​ទឹកដី​ខេត្ត​កោះកុង នាពេល​ខាងមុខនេះ។ សមិទ្ធផល​ដ៏​ថ្លៃថ្លា​នេះ បាន​ផ្តល់​កិត្តិយស​បន្ថែម​ទៀត លើ​មុខមាត់​ថ្មី​បន្ថែម​លើទឹក​ដី​ខេត្ត​កោះកុង ដែល​ជា​ទឹកដី​ធ្លាប់​មាន​ប្រវត្តិសាស្ត្រ រួមចំណែក​អនុវត្ត​នយោបាយ​ឈ្នះ ឈ្នះ របស់​ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

លោក​ឧត្ដមសេនីយ៍​ឯក ខៀវ ឆេន នាយក​ខុទ្ទកាល័យ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​លើក​ឡើង​ថា គណៈកម្មការ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ នៅ​ខេត្ត​កោះកុង បាន​សម្រេច​តែងតាំង នាយ​ឧត្ដមសេនីយ៍ ប៊ុន លើ​ត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ ជា​ប្រធាន​គណៈ​កម្មការ​សាងសង់ និង​តែងតាំង​អនុប្រធាន​ចំនួន​២០​រូប ព្រមទាំង​សមាជិក​អនុ​គណៈកម្មការ​សាងសង់ ចំនួន​១២៣​រូប។​

ថ្លែង​ក្នុង​ពិធី​ប្រកាស​សមាសភាព​អនុ​គណៈកម្មការ សាងសង់​ស្តូប​អនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ នៅ​ខេត្ត​កោះកុង​នាពេល​កន្លងមក សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ​សាងសង់​វិមាន​ឈ្នះ ឈ្នះ ​បាន​ជំរុញ​ដល់​ក្រុម​ការងារ​សាងសង់​ស្តូប​អនុស្សាវរីយ៍ នយោបាយ​ឈ្នះ ឈ្នះ នៅ​ខេត្ត​កោះកុង​ ត្រូវ​ស្រាវជ្រាវ​យក​ខ្លឹម​សារ​ប្រវត្តិសាស្ត្រ ដែល​មាន​នៅ​ក្នុង​ខេត្ត​កោះកុង មក​ចារឹក​ឲ្យ​មាន​ភាព​លេច​ធ្លោ​នៅ​ស្តូប​អនុស្សា​វរីយ៍ នយោបាយ​ឈ្នះ ឈ្នះ ដែល​នឹងត្រូវ​សាងសង់​នៅ​ខេត្ត​កោះកុង​នាពេល​ខាងមុខនេះ​។​

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​ថ្លែងអំណរគុណ​ដល់​សប្បុរសជន​ក្នុង​អនុ​គណៈកម្មការ​សាង​សង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ ដែល​បាន​ជួយឧបត្ថម្ភ គាំទ្រ​ដល់​ដំណើរការ​សាងសង់​ស្តូប​ឈ្នះ ឈ្នះ​ នៅ​ខេត្ត​កោះកុង​នេះ​។​

បើ​តាម​ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់​ បាន​បញ្ជាក់​ថា ​«​ការសាងសង់​ស្តូប​អនុស្សាវរីយ៍ នយោបាយ​ឈ្នះ ឈ្នះ នៅ​ខេត្ត​កោះកុង​មុនគេ​នា​ពេល​នេះ គឺ​ដើម្បី​ដក​ពិសោធ​លើ​ការសាងសង់​ថា ​តើ​ក្នុង​ដំណើរ​ការ​សាងសង់​ស្តូប ឈ្នះ ឈ្នះ នៅ​ខេត្ត​កោះកុង​នេះ មាន​ជួប​ការ​លំបាក​អ្វីខ្លះ អាច​ពុះពារ បាន​កម្រិត​ណា ហើយ​ល្បឿន ​នៃ​ដំណើរ​ការសាងសង់​នេះ​ប្រព្រឹត្តទៅ​យ៉ាង​ដូចម្តេច​ដែរ​»​។​

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់​ បាន​ឲ្យ​ដឹង​ទៀតថា ​បន្ទាប់​មក​ទៀត គណៈកម្មការ​ នឹង​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ​នៅ​តំបន់​ដែល​បាន​បញ្ចប់​សង្គ្រាម​ចុងក្រោយ​គេ ក្រោម​គោល​នយោបាយ ឈ្នះ ឈ្នះ នៅ​អន្លង់វែង ខេត្ត​ឧ​ត្ត​មានជ័យ ​និង​តំបន់​ប៉ៃលិន ដែល​ជា​កន្លែង​បំផ្ទុះ​សង្គ្រាម​ធំជាងគេ​ ព្រមទាំង​តំបន់​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ​ ជា​តំបន់​ចាប់ផ្ដើម​អនុវត្តិ​នយោបាយ​ឈ្នះ ឈ្នះ​។ ប្រភពអត្ថបទ៖ kampucheathmeydaily

You may have missed